គន្លឹះជោគជ័យ៤យ៉ាងសម្រាប់យុវវ័យ
បើសួរថា តើនរណាខ្លះដែលមិនចង់
ទទួលបានជោគជ័យនោះ ប្រាកដជាគ្មាននរណាម្នាក់ឆ្លើយថា
មិនចង់ជោគជ័យនោះឡើយ តែបើសិនជាសួរថា
តើអ្នកដឹងទេថា ដើម្បីទទួលជោគជ័យតើអ្នកត្រូវធ្វើអ្វីខ្លះ នោះប្រហែលមានមនុស្សជាច្រើន នៅមិនទាន់ដឹងច្បាស់នៅឡើយ ។ មិត្តយុវវ័យ! ខាងក្រោមនេះជា គន្លឹះជោគជ័យ៤ យ៉ាងដែលយើងគួរដឹង៖
១. មានវិន័យល្អ៖
បុគ្គលដែលអាចជោគជ័យបាន
ជាបុគ្គលដែលមានវិន័យល្អ ដែលវិន័យល្អនេះ
អាចធ្វើឲ្យបុគ្គលនោះមានសីលធម៌ល្អ
ហើយបុគ្គលដែលមានសីលធម៌ល្អ ជាបុគ្គលដែលគ្រប់ស្ថាប័នឬសង្គមទាំងមូលត្រូវការជាទីបំផុត។
២. មានគោលដៅនៃជីវិត៖
បុគ្គលម្នាក់ៗ ត្រូវតែកំណត់គោលដៅនៃជីវិតរបស់ខ្លួនឲ្យបានច្បាស់លាស់។ យុវវ័យត្រូវដឹងថា ការកំណត់គោលដៅនៃជីវិត គឺជាកត្តាដែលធ្វើឲ្យអ្នកមានឆន្ទៈ។
ឆន្ទៈគឺជាអ្នកកំណត់សកម្ម ភាពរបស់អ្នក
ថាតើអ្នកនឹងធ្វើអ្វី? យុវវ័យសាកគិតទៅមើលថា ប្រសិនបើអ្នកមិនទាន់ទាំងដឹងថា ខ្លួនឯងចង់បានអ្វីផងនោះ តើធ្វើម៉េចអ្នកអាចដឹងថា ខ្លួនអ្នកត្រូវដើរទៅតាមផ្លូវណា ហើយត្រូវធ្វើអ្វីខ្លះ?ព្រោះអ្វី? ព្រោះអ្នកមិនដឹងថា តើកន្លែងណា
ឬចំណុចណាដែលអ្នកចង់ទៅទេ។
ឧទាហរណ៍
សម្រាប់យុវវ័យដែលទើបប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ គឺប្រៀបបាននឹងយើងកំពុងតែជិះទូកមួយកណ្ដាលទន្លេ
ឬសមុទ្រដូចគ្នា ហើយប្រសិនជាអ្នកមិនដឹងថាតើ
ច្រាំង កំពង់ចម្លងឬផែនៅកន្លែងណា តើអ្នកអាចរៀបចំក្ដោងយ៉ាងដូចម្ដេច?
៣. ការត្រៀមខ្លួន៖
មិនមែនមានតែគំនិតសុទិដ្ឋិនិយមអាចជួយអ្នកបានទេ ។ ឧទាហរណ៍ដដែល
ប្រសិនបើអ្នកស្ថិតនៅកណ្ដាលទន្លេ ហើយអ្នកមិនចេះហែលទឹក
តើការគិតវិជ្ជមានថា “ខ្ញុំមិនស្លាប់ ខ្ញុំមិនលង់ ខ្ញុំនឹងអាចទៅដល់គោលដៅ” ប្រាកដថាអាចជួយអ្នកបានទេ ខណៈដែលអ្នកនឹងលង់ទឹកស្លាប់ក្នុងពេលបន្តិចទៀតនោះ? បើអ្នកមិនដែលរៀន ហើយជិតដល់ថ្ងៃប្រឡង អ្នកមានគំនិតវិជ្ជមានថាប្រឡងជាប់ តើអាចទៅរួចទេ? ត្រង់ចំណុចនេះ បន្ថែមលើការគិតវិជ្ជមាន បុគ្គលគ្រប់រូបត្រូវតែរៀនពង្រឹងសមត្ថភាពខ្លួន ត្រូវត្រៀមខ្លួនចំពោះឧបសគ្គដែលអាចជួបប្រទះតាមផ្លូវទៅកាន់គោល ដៅជីវិតរបស់អ្នក។ ការចេះវាយតម្លៃខ្លួនឯង សិក្សាចំណុចខ្លាំង ចំណុចខ្សោយ បំពេញចំណុចខ្វះខាត គួបផ្សំជាមួយគំនិតវិជ្ជមាន ភាពជឿជាក់លើខ្លួនឯងដែលជាកត្តាដែលជួយឲ្យអ្នកកាន់តែមានក្ដី សង្ឃឹម នោះអ្នកនឹងអាចសម្រេចគោលដៅបាន។
៤. ទំនាក់ទំនងល្អ៖
ទំនាក់ទំនងគឺគន្លឹះដ៏សំខាន់និងមានប្រសិទ្ធិភាពក្នុងការជួយខ្លួន អ្នកបាន។ បន្ទាប់ពីអ្នកបានវាយតម្លៃខ្លួនអ្នកហើយ
ហើយរកឃើញថា អ្នកមិនមានទំនាក់ទំនងល្អ
តើអ្នកត្រូវធ្វើអ្វី? អ្នកត្រូវតែកែប្រែ អ្នកត្រូវស្វែងរក ឬបង្កើតទំនាក់ទំនងឲ្យបានច្រើនជាងមុន ដូចជា អ្នកត្រូវដឹងថាតើនៅ
កន្លែងណាខ្លះដែលប្រជុំដោយអ្នកមានសមត្ថភាព អ្នកមានការងារល្អ អ្នកមានចំណេះដឹងខ្ពស់
អ្នកមានទំនាក់ទំនងល្អ អ្នកពូកែ អ្នកប្រាជ្ញ
អ្នកដែលអាចធ្វើជាគំរូ អ្នកដែលអាចចែករំលែកបទពិសោធន៍
ព័ត៌មានដល់អ្នកបាន? អ្នកអាចមានឱកាសជួបអ្នកទាំងនោះបានតាមរយៈចូលរួមក្នុងអង្គការ សមាគម ក្លិបយុវជន ឬចូលរួមក្នុងសិក្ខាសាលា សន្និសីទ ឬកិច្ចការសហគមន៍ជាដើមឲ្យបានច្រើន។
ក្រៅពី
៤គន្លឹះនាំឲ្យយុវវ័យជោគជ័យក្នុងជីវិតនេះ យុវវ័យគួរបន្ថែមការ ស្ដាប់ និងអាន ឲ្យបានច្រើន ព្រោះ
ការស្ដាប់ និងអានច្រើន ជួយឲ្យយុវវ័យទទួលបានព័ត៌មានច្រើន
ពង្រីកចំណេះដឹង និងគំនិតបានយ៉ាងទូលំ ទូលាយ៕